
ក្រោយពីតារាកំប្លែងនាយកុយ បានទទួល នាងឃ្មឹប មកធ្វើជាអ្នកកំប្លែងនៅក្នុងក្រុមរបស់លោកវិញ ដោយកាត់យកទឹកប្រាក់ផ្ទាល់ខ្លួនរបស់លោកឱ្យនាងឃ្មឹប ។ ទង្វើររបស់ នាយកុយ បានធ្វើឱ្យមហាជនជាច្រើនកោតសរសើររូបលោកគ្រប់គ្នា ។ ស្របពេលជាមួយគ្នានេះដែរ សឿ សុធារ៉ា ក៏បានរំលឹកថា រូបនាងក៏ធ្លាប់ត្រូវបាន នាយ កុយ ឱ្យលុយកាលគ្រួសារនាងនៅក្រីក្រដែរ ។

កាលពីពេលថ្មីៗនេះ សឿ សុធារ៉ា បានសរសេរសារដែលមានអត្ថន័យថា« ខ្ញុំគោរពពូកុយខ្លាំងណាស់ ព្រោះគាត់ជួយដល់ជនទាល់ឱកាស ខ្ញុំនៅចាំមិនភ្លេចទេ កាលពីមង្គលការបងស្រីខ្ញុំពីរនាក់កន្លងយូរហើយ គាត់ និង បងភឿនហៅគ្រត មកជួយច្រៀងកាត់សក់ និង ជួយទាំងភ្លេងសម័យដោយមិនគិតប្រាក់ ព្រោះគ្រួសារខ្ញុំក្រខ្លាំងណាស់នាពេលនោះ ពូ កុយ បានឱ្យលុយគ្រួសារខ្ញុំ 500 បាត កាលណោះខ្ញុំឡើងច្រៀងបទ «ផ្កាបើកស្រទាប់» ខ្ញុំមិនភ្លេចគុណពួកគាត់ទាំងពីរទេ »។

ជាមួយសារមួយនេះ បានធ្វើឱ្យមហាជនសរសើរពីទឹកចិត្តរបស់តារាកំប្លែងភ្នែកតូចនេះ គ្រប់គ្នា ។ ជាពិសេសក្រោយពីតារាកំប្លែងរូបនេះ បើកចិត្តទូលាយទទួលយក នាងឃ្មឹប ធ្វើជាតារាកំប្លែងនៅក្នុងក្រុមរបស់លោកវិញ ។

សព្វថ្ងៃនេះ សឿ សុធារ៉ា មិនមានសកម្មភាពសិល្បៈអ្វីទេ ស្របពេល ដែលលេចលឺថា នាងកំពុងពរពោះកូនភ្លោះ ។ អ្វីដែលគេចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗ នេះ សឿ សុធារ៉ា ទើបសម្ភាសធ្លាក់ទៅអាមេរិក ។ សឿ សុធារ៉ា ធ្លាប់សម្ភាសទៅអាមេរិកជាច្រើនដងមកហើយ តែពុំទទួលបានជោជ័យឡើយ ៕ ចេនី



