បណ្ឌិតគ្នាយើង! គាត់បានស្លាប់ហើយ!!!
២៥-កញ្ញា-១៩៩៣ – ២១-ឧសភា-២០១៧
បណ្ឌិត ជាកូនច្បងរបស់គ្រួសារគ្រូបង្រៀនមួយដែលមានកូន ៤ នាក់នៅឯស្រុកស្អាង ខេត្តកណ្ដាល។ គាត់ទទួលបានអាហារូបករណ៍ផ្នែកច្បាប់ នៅឯសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច។ រៀនឆ្នាំទី ៤ ផង ធ្វើជាគ្រូបង្រៀនគួរក្រៅម៉ោងផង ធ្វើការងារស្ម័គ្រចិត្តក្នុងកិច្ចការសង្គមផង បណ្ឌិតបានតស៊ូខ្លាំងណាស់ ដើម្បីខ្លួនឯង គ្រួសារ និង ព្រះរាជាណាចក្ររបស់គាត់។ គាត់មានសេចក្ដីប្រាថ្នាដ៏ធំមួយ គឺចង់ក្លាយជា “ចៅក្រម” ដែលនឹងផ្ដល់យុត្តិធម៌សម្រាប់ប្រជាជនខ្មែររបស់គាត់។ គាត់មានគំនិតល្អៗជាច្រើន រាប់ថាជាទស្សនវិជ្ជាក៏បាន។ គាត់ចូលចិត្តចែករំលែកខ្លាំងណាស់ ក៏ចូលចិត្តស្ដាប់ និង ទទួលយកគំនិតអ្នកដទៃដោយមានការពិចារណាច្បាស់លាស់ផងដែរ។
បណ្ឌិត គឺជាសមាជិកម្នាក់នៅក្នុងក្រុមការងារ “កូនទំពាំងពិសិដ្ឋ” ដែលជាកម្មវិធីមួយដ៏សំខាន់របស់ព្រឹត្តិការណ៍ “កាលយើងនៅក្មេង” ដើម្បីចូលរួមធ្វើឲ្យកុមារកម្ពុជាទាំងឡាយមានវាសនាដូចគ្នា តាមរយៈ “ការលើកស្ទួយការអាន”។
បណ្ឌិត គឺជាសមាជិកដ៏សកម្មម្នាក់។ គាត់ស្រឡាញ់ព្រឹត្តិការណ៍ “កាលយើងនៅក្មេង” នេះខ្លាំងណាស់។ គាត់តែងតែចូលរួមគ្រប់សកម្មភាពទាំងអស់ ដើម្បីជ្រោមជ្រែងនូវវិវឌ្ឍនភាពនៃព្រឹត្តិការណ៍នេះ។
បណ្ឌិតតែងតែមានវត្តមានមុនគេជានិច្ចនៅរាល់ពេលណាត់ជួប និង ប្រជុំនានា។ ទឹកមុខ និង ទឹកចិត្តរបស់គាត់ពោរពេញទៅដោយភាពស្វាហាប់ ច្បាស់លាស់ ដែលបង្ហាញអំពីសេចក្ដីប្រាថ្នាតែមួយគត់សម្រាប់សង្គមជាតិរបស់គាត់យ៉ាងខ្ពង់ខ្ពស់ នោះគឺ “ព្រះរាជាណាចក្រយើងរីកចម្រើន”។
បណ្ឌិត! ខ្ញុំពិតជាគោរព និង ឲ្យតម្លៃអ្នកខ្លាំងណាស់។ អ្នកមានឧត្តមគតិដ៏ខ្ពង់ខ្ពស់។ ខ្ញុំសោកស្ដាយមែនទែនដែលព្រឹត្តិការណ៍យើងបានបាត់បង់កោសិកាដ៏មានសក្ដានុពលដូចជារូបអ្នក។
អរគុណដែលអ្នកបានចូលរួមនៅក្នុងក្រុមការងារយើង ដើម្បីលើកស្ទួយព្រះនគរយើង។
អរគុណសម្រាប់ការខិតខំរបស់អ្នកដើម្បីសង្គមជាតិអ្នករហូតមក។
មានពាក្យជាច្រើនដែលខ្ញុំចង់ប្រាប់អ្នកឲ្យមានមោទកភាពចំពោះខ្លួនអ្នកខ្លាំងណាស់។ បណ្ឌិតដឹងទេ អ្នកតែងតែផ្ដល់នូវកម្លាំងចិត្តដល់ខ្ញុំជានិច្ច គឺជាកម្លាំងចិត្ត និង សេចក្ដីសង្ឃឹមដ៏មហិមានៅគ្រប់ពេលវេលា។
ជាអវសាន្តនេះ ក្នុងនាមខ្ញុំជាប្រធានក្រុមទាយាទអង្គរ សូមបួងសួងឲ្យបណ្ឌិតបានទៅដល់ឋានសុគតិភព និង បួងសួងឲ្យបណ្ឌិតឆាប់បានចាប់កំណើតលើផែនដីនៃក្រុងកម្ពុជារបស់យើងឆាប់ៗ ដើម្បីចូលរួមលើកស្ទួយព្រះនគរយើង ត ទៅមុខទៀត ឲ្យបានដូចឧត្តមគតិអ្នក គ្រប់ៗជាតិ។
បណ្ឌិត! អ្នកនៅតែជាទាយាទអង្គររហូតណា៎៖ ជាក្ដីសង្ឃឹម និង កម្លាំងចិត្តរបស់ក្រុមទាយាទអង្គរ និង ព្រឹត្តិការណ៍ “កាលយើងនៅក្មេង”៕
ទំនាក់ទំនងចូលរួមរំលែកទុក្ខ៖
០៩៣ ២៩ ៦៧ ៩៧ / ០១២ ៦៧ ៩៩ ៩៥
#ទាយាទអង្គរ
#កាលយើងនៅក្មេង
ប្រភព៖ ទាយាទអង្គរ – ព្រឹត្តិការណ៍ « កាលយើងនៅក្មេង »










