ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធ រវល់ចេញទៅធ្វើការ និងទៅរត់ម៉ូតូកង់បី ត្រឡប់មកវិញ ទើបដឹងថា កូនប្រុស អាយុ៨ឆ្នាំ បានលង់ទឹកជ្រោះបាត់ស្នេហ៍ ស្លាប់បាត់ទៅហើយ ធ្វើឱ្យឪពុកម្តាយ មានការសោកស្តាយជាពន់ពេក ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ នៅចំណុចជ្រោះបាត់ស្នេហ៍ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
កុមារាដែលលង់ទឹកស្លាប់ មានឈ្មោះ ឌី វិច្ឆិកា អាយុ ៨ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ មានឪពុកឈ្មោះ សូ បញ្ញា អាយុ ២៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បី មានស្រុកកំណើត ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តព្រៃវែង និងមានម្តាយឈ្មោះ ប្រីត ស្រីធា អាយុ ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា ។
តាមប្រភពព័ត៌មាន ពីឪពុកបានអោយដឹងថា ប្តីប្រពន្ធគាត់ មានកូនប្រុសម្នាក់ អាយុ៨ឆ្នាំ មុនពេលកើតហេតុ គាត់បានចេញ ទៅរត់ម៉ូតូកង់បីតាំងពីព្រឹក ចំនែកឯប្រពន្ធរបស់គាត់ បានចេញទៅធ្វើការរោងចក្រ ដោយផ្ញើរកូនប្រុស ឱ្យនៅជាមួយអ្នកជិតខាង រហូតដល់ម៉ោងហូបបាយ ទើបគាត់មកដាំបាយឱ្យកូនហូប។ ដោយឡែកនៅវេលាម៉ោង ជាង៤ល្ងាច ថ្ងៃកើតហេតុ គាត់បានទិញម្ហូប យកមកធ្វើ តែមិនបានឃើញកូនទេ នឹកស្មានថា កូនដើរលេង ជាមួយកូនអ្នកជិតខាង ក៏បាននៅផ្ទះធ្វើម្ហូប ស្រាប់តែមានអ្នករត់ម៉ូតូឌុប មកប្រាប់ថា ឃើញកូនប្រុសរបស់គាត់ លង់ទឹកស្លាប់ នៅជ្រោះបាត់ស្នេហ៍ ភ្លាមៗនោះ គាត់មិនអស់ចិត្ត ក៏រត់ទៅមើល ឃើញសពកូនប្រុសរបស់គាត់ អណ្តែតលើទឹក ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ ពីរនាក់ប្តីប្រពន្ធជាឪពុកម្តាយ បានត្រឹមយំសោកបោកខ្លួន ផ្អើលដល់អ្នកជិតខាង នាំគ្នាចោមរោមមើល ទាំងក្តីអាណិតអាសូរជាពន់ពេក ជាមួយគ្នានេះដែរ លោកចៅសង្កាត់ទួលសង្កែ បានឧបត្ថម្ភថវិការចំនួន ៥០ម៉ឺនរៀល និងអង្គរចំនួន ៥០គីឡូ ដល់គ្រួសារសពផងដែរ ។ សពជនរងគ្រោះ ត្រូវបានឪពុកម្តាយ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើត នៅខេត្តព្រៃវែងទៅតាមប្រពៃណី ៕
សហការី kbn-live.com