
គួរឱ្យអាណិតជាពន់ពេក ដែលយុវនិស្សិតច្បាប់ម្នាក់បានខិតខំរៀនជិតចប់រហូតដល់ឆ្នាំទី៤ទៅហើយ បែរជាត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅលើដងផ្លូវទៅវិញនៅពេលរូបគេកំពុងតែជិះម៉ូតូមួយគ្រឿងមកពីស្រុកកំណើត ដោយមានដឹកអង្ករយកមកទុកហូប ។ នៅពេលនោះ ជួនមេឃកំពុងតែមានភ្លៀងធ្លាក់ផងនោះ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកមកកៀររផ្ទប់បណ្តាលឱ្យដួលបោកក្បាលទៅនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ រួចបើករត់គេចខ្លួនបាត់ស្រមោល ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ នៅមុខផ្ទះលេខ ២៣៣ ផ្លូវលេខ ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
និស្សិតរងគ្រោះមានឈ្មោះ ផេង សិរីបណ្ឌិត អាយុ ២៤ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី៤ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

មុនពេលកើតហេតុ យុវនិស្សិតរងគ្រោះជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I 1312 មួយគ្រឿងតែម្នាក់ឯង ដោយមានដឹកអង្ករមួយកំណាត់បាវពីក្រោយផងដែរ ក្នុងគោលបំណងសំដៅទៅកាន់ផ្ទះជួលរបស់ខ្លួន នៅឯស្ទឹងមានជ័យ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកពីក្រោយ និង កៀរបណ្តាលឱ្យដួល និង បោកក្បាលទៅលើរនាំងពុះចែកទ្រូងផ្លូវបណ្តាលឱ្យស្លាប់ទាំងមេឃកំពុងមានភ្លៀងធ្លាក់ ហើយអូសបាវអង្ករកំពប់ពេញផ្លូវផងដែរ រួចបើករត់គេចខ្លួនបាត់ស្រមោល ។

ភ្លាមៗនោះ នគរបាលចរាចរណ៍ខណ្ឌចំការមន ក៏បានចុះមកដល់ធ្វើការវាស់វែងនៅកន្លែងកើតហេតុ និង កំពុងតែធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពរករថយន្តបង្ក ដើម្បីយកមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សុថាត់


ប្រភព ប្រជាប្រិយ